Breaking

LightBlog

Friday, May 19, 2017

រឿង មាយាស្ត្រី







ពីព្រេងនាយ មានបុរសម្នាក់ មានប្រពន្ធនៅជាមួយគ្នា តែពុំមានកូន ដល់យូរទៅប្រពន្ធនោះមានសាហាយនាំមកដេកជាមួយក្នុងផ្ទះ តែសព្វថ្ងៃ។ ថ្ងៃមួយប្ដីទៅជីកដំឡូវក្នុងព្រៃដល់ថ្ងៃក្ដៅចូលអាស្រ័យនៅខ្ទមអ្នកតាមួយ។ ប្រពន្ធរៀបអីវ៉ាន់ទៅបន់អ្នកតានោះ អោយទៅធ្វើប្ដីអោយស្លាប់ នឹងយកសាហាយធ្វើប្ដី រៀបស្រេចហើយក៏យកអីវ៉ាន់នោះ ដើរចូលទៅក្នុងខ្ទមអ្នកតា។




ប្ដីឃើញប្រពន្ធដើរចូលទៅក្នុងខ្ទមអ្នកតាក៏នឹកឆ្ងល់ថា «ប្រពន្ធអញវាមករកអ្វីក្នុងខ្ទមអ្នកតានេះ» គិតហើយក៏ចូលទៅពួនក្រោយខ្នងរូបអ្នកតា លបស្ដាប់ប្រពន្ធ ។



ឯប្រពន្ធក៏ចូលទៅអុចទៀនធូប ហើយនិយាយបន់អ្នកតាថា « ខ្ញុំមិនចង់យកប្ដីខ្ញុំទេ ខ្ញុំយកប្ដីទៀត សូមអ្នកតាកាច់ប្ដីខ្ញុំអោយស្លាប់ទៅ ខ្ញុំនឹងថ្វាយជ្រូក១ ។ ប្ដីលឺដូច្នោះ ក៏ឆ្លើយឡើងពីក្រោយអ្នកតាថា « អើបើនាងមានសាហាយ ហើយចង់អោយអញកាច់ប្ដីនាង អោយស្លាប់នោះងាយទេ វិលទៅផ្ទះវិញ ត្រូវរកមាន់ក្រាប ទាំងមេទាំងពងមួយសំបុកស្ងោរអោយប្ដីនាងស៊ីទៅវាស្លាប់ហើយ» មេនោះលឺដូច្នោះស្មានថា អ្នកតាបង្គប់ ក៏ប្រញាប់វិលទៅផ្ទះ រកទិញបានមេមាន់ក្រាបមួយសំបុកស្ងោរទុកអោយប្ដីស៊ី ដើម្បីអោយស្លាប់ ហើយនឹងយកសហាយ ។



លុះដល់ព្រលប់ប្ដីមកពីជីកដំឡូងដល់ហើយសួរថា «គេហ៍អើយ !បានអីស៊ីបាយ?»។ មេនោះឆ្លើយថា «ខ្ញុំបានមាន់ក្រាបមួយសំបុកស្ងោរទុកអោយអ្នក» ប្ដីថា «រៀបបាយមកស៊ី » ។



ប្រពន្ធក៏លើកបាយទាំងមាន់ក្រាបមកអោយប្ដីស៊ី ប្ដីស៊ីអស់មាន់ហើយធ្វើជាឈឺដេកថ្ងូរហ៊ឹៗ ។ មេនោះអរណាស់ គិតស្មានថាប្ដីឈឺមែន ត្រូវនឹងពាក្យអ្នកតាបង្គាប់ហើយដ្បិតលឺថ្ងូរ ឯប្ដីក៏ធ្វើជាដេកទៅ មេនោះគិតស្មានថាប្ដីស្លាប់ ក៏បើកទ្វារនាំយកសាហាយចូលទៅដេកជាមួយ។ អ្នកទាំងពីរកំពុងតែនិយាយគ្នាប្ដីក៏ក្រោកឡើងអង្អុយហៅប្រពន្ធមកប្រាប់ថា «រងារណាស់ »។ ឯបុរសសាហាយ ឃើញប្ដីមេនោះក្រោកឡើងអង្គុយដូច្នោះស្ទុះរត់ពុំទាន់ក៏ចូលទៅពួនក្នុងពាងធំមួយ នៅខាងដំនេក សំងំចាំប្ដីនោះដេកខ្លួននឹងចេញពីពាងនោះទៅដេកនឹងស្រីនោះទៀត ។



ប្ដីបានឃើញតែធ្វើជាមិនឃើញមិនដឹង ប្រាប់ប្រពន្ធថា « រងារណាស់ ឯងដាំទឹកអោយគ្នាមុជបន្តិច នឹងអាលស្លាប់ »​ មេនោះលឺថា ចង់ស្លាប់ដូច្នោះអរណាស់ ដ្បិតត្រូវ នឹង ពាក្យដែលទៅបន់អ្នកតា។ លុះប្រពន្ធដាំទឹកពុះហើយ ប្ដីថា «ទៅដងទឹកត្រជាត់បាន ១ក្អមមក យកមកលាយ នឹងទឹកក្ដៅនេះ »។ ប្រពន្ធលឺប្ដីប្រើដូច្នោះក៏យកក្អមចេញទៅដងទឹក។ ប្ដីឃើញប្រពន្ធទៅបាត់ក៏ក្រោកឡើង ដើរទៅលើកទឹកពុះ១ខ្ទះនោះ យកទៅស្រោចលើសាហាយនៅក្នុងពាងនោះ ស្លាប់ទៅ ហើយចូលទៅដេកធ្វើជាឈឺថ្ងូរហ៊ឹៗទៀត។



មេនោះវិលពីដងទឹកវិញ មើលទៅឃើញសាហាយត្រូវទឹកក្ដៅរួញសសៃ ដូចគេដកកចេញពីពាងមកក៏អោនខ្សឹបថា«ថ្វីក៏មិនអោនទៅ វាមិនទាន់ដេកទេ »។ អានោះនៅឆ្ងក់ដដែល មេនោះយកដៃទៅចាប់ច្រមុះទៅត្រូវស្លឹកត្រចៀករហែកជ្រុះទាំងសក់ ទើបដឹងថាប្ដីស្រោចទឹកក្ដៅស្លាប់សាហាយទៅហើយ ក៏ពុំស្ដីយកគ្របពាងមកគ្រប ហើយយកទឹកមកអោយប្ដីងូត។ ឯប្ដីក៏មិនស្ដីទឹកក៏មិនងូត ប្រាប់ប្រពន្ធថាអញគ្រាន់បើហើយ ហើយហៅប្រពន្ធចូលដេកទៅ ។

លុះព្រឹកព្រហាមឡើង មេនោះពុំដឹងធ្វើដូចម្ដេច នឹងយកខ្មោចចេញអោយរួចផុតពីផ្ទះ ក៏នឹងឃើញថា «ក្នុងស្រុកនេះមានចោរ ៤ នាក់តែងតែ លបលូចអីវ៉ាន់អ្នកផងតែសព្វថ្ងៃ គ្រប់ភូមិ ដូច្នេះអញ នឹង គិតអោយចោរទាំង៤ នាក់នោះយកខ្មោចចេញពី ផ្ទះអញទៅចោលក្នុងព្រៃអោយបាន» គិតហើយក៏ដើរខ្ចីសំពត់ហូលអាវព្រែគេយកមកហាលជុំផ្ទះ ។ ឯចោលទាំង ៤នាក់នោះឃើញហើយគិតថា «ជើ! មេនេះមានណាស់តើ! យប់នេះ យើង នឹងទៅលួចវាអោយបានកុំខានសព្វថ្ងៃយើងស្មានតែវាក្រ » ។



មេនោះក៏ហាលសំពត់ហាលអាវព្រែនោះ លុះដល់ពេលល្ងាចយកទៅជួនគេវិញ ហើយយកខ្សែចងរិតរួចពាង ខ្មោចនោះអោយជាប់ ទុកអោយចោរ ចូលមកសែងយកទៅ។ ឯចោរ ៤នាក់លុះយប់ក៏បបួលគ្នាទៅលួច ចូលទៅរករបស់ទាំងនោះពុំឃើញៗ តែពាងមួយចងមាត់ចាប់បើកពុំរួច។ ចោរទាំង ៤នាក់និយាយគ្នាថា «របស់អស់នេះវាដាក់ក្នុងពាងនេះហើយ បើដូច្នេះយើងត្រូវសែងពាងនេះ» ថាហើយក៏នាំគ្នាសែងពាងនេះ ទៅដល់ព្រៃឆ្ងាយក៏ស្រាយលូកមើល។

អា១លូកដៃទៅត្រូវសក់ ថាវ៉ឹយសូត្រ ដកដៃចេញ។

អា១លូកដៃទៅត្រូវស្លឹកត្រចៀក ត្រូវភ្នែក ច្រមុះ ស្រែកថា វ៉ឹយខ្មោចទេ ។

អា១ មិនជឿក៏ល្អដៃទៅទៀតត្រូវដើមទ្រូងដឹងថាខ្មោចមែន ក៏ស្ទះរត់ចោល ហើយខឹងណាស់ថា ដ្បិតមេនោះបញ្ឆោតអោយសែងខ្មោចចោលបាន។

ចោរទាំង ៤ នាក់គិតគ្នាថា « យើងឃ្លាំមើលមេនោះ បើឃើញវាដើរម្នាក់វាត្រូវគ្នាយើងចោមរោមចាប់វាវាយអោយវារាង កុំអោយវាបញ្ឆោតយើងទៀត ។

ចួនជាថ្ងៃមួយ មេនោះចុះទៅរកទិញអីវ៉ាន់ ដ្បិតមានសំពៅទើបនឹងមកដល់ពីស្រុកក្រៅ ។ មេនោះដើរដល់ពាក់កណ្ដាលផ្លូវ ក៏ជួបចោរទាំង ៤នាក់នេះ ចោរឃើញក៏នាំគ្នាព្រួតចាប់នឹងវាយ ហើយជេរពីរឿងដែលវាបញ្ឆោតនោះ ។



មេនោះឆ្លើយថា «ណ្ហើយអ្នក បើអ្នកវាយខ្ញុំក៏អិតប្រយោជន៍ដែរ ដ្បិតខ្ញុំទៅទារប្រាក់ពីនាយសំពៅ ដូច្នេះមក ! អញ្ជើញទៅ នឹងខ្ញុំៗ ទារប្រាក់បានចែកគ្នាចាយលេង »។

ចោរទាំង ៤ នាក់លឺថាវាទៅទារប្រាក់ដូច្នោះ ក៏ចូលចិត្តបបួលគ្នាទៅ ។ មេនោះផ្ដាំចោរទាំង ៤នាក់ថា «អស់អ្នកឈរចាំខ្ញុំនៅលើច្រាំងចុះ បើកាលណាឃើញខ្ញុំបោយដៃនោះអ្នកចុះទៅចុះ បានប្រាក់ហើយ »។ មេនោះនិយាយផ្ដាំចោរទាំង៤ នាក់ហើយ ក៏ចុះទៅសំពៅនិយាយនឹងនាយសំពៅ លក់ចោរទាំង ៤ នាក់ វាថាចោរនោះជាខ្ញុំរបស់វា ហើយចង្អុលបង្ហាញនាយសំពៅថា « នុ៎ះហ្ន៎ ! វាទាំង ៤ នាក់បើវាចុះមក ខ្ញុំឡើងទៅលើគោក សូមអ្នកចាប់វាដាក់ច្រវាក់អោយជាប់ទៅ កុំអោយវារត់រួចបាន»។ នាយសំពៅព្រមហើយសួរថា «ខ្ញុំនាងអែងទាំង ៤ នាក់លក់ថ្លៃប៉ុន្មាន ? » ។ មេនោះថា«ម្នាក់ថ្លៃ២ ណែន »។ នាយសំពៅអោយ ១ណែនកន្លះ វាក៏ព្រមលក់ ហើយចេញមកក្រៅ បក់ដៃហៅចោរទាំង ៤នាក់។




ចោរទាំងនាក់គិតស្មានថា វាហៅអោយទៅយកប្រាក់ក៏នាំគ្នាចុះទៅ ដល់ហើយស្រាប់តែនាយសំពៅប្រើមនុស្ស អោយចាប់​ដាក់ច្រវាក់នៅ​បាតសំពៅ​ទាំងអស់​គ្នា។ មេនោះក៏យកប្រាក់ឡើងមកបាត់ ។



បានប្រាក់ហើយមេនោះដើរវិលមកផ្ទះវិញ ដល់កណ្ដាលផ្លូវចូលចួនជាយប់ពុំហ៊ានដើរទៅទៀត​ ក៏ឡើងទៅដេកលើដើមឈើធំមួយ នៅប្របផ្លូវនោះ។ ឯចោរ ៤នាក់នាយសំពៅដាក់ច្រវាក់ជាប់ ហើយក៏និយាយគ្នាថា «ជើ! មេនោះហៅពេញជាប្រាជ្ញាធំវាបញ្ឆោតអោយយើង សែងខ្មោចទៅចោលក្នុងព្រៃ ហើយឥលូវវា លក់យើងបានទៀត» ។ ចោរទាំង៤នាក់ខឹងណាស់កាច់ច្រវាក់ បាក់រត់ចេញពី សំពៅដើរឡើងមកលើគោករត់មកទាំងយប់នោះ ចួនជាយប់យូរណាស់ក៏នាំគ្នាឡើង ទៅដេកលើដើមឈើធំ ដែលមេនោះដេក ។ ចោរបីនាក់ឡើងដេកលើមែកដោយខ្លួន ។ ចោរម្នាក់ឡើងទៅក៏ជួបមេនោះ នៅលើចុងឈើ ។ អាចោរនោះថា « អើហងឯងស្លាប់ហើយម្ដងនេះ ហងឯងធ្លាប់តែបញ្ឆោតយើង ឥលូវហងឯងរត់ចុះបើរួច ។

មេនោះលើកប្រាក់បង្ហាញ​ហើយខ្សឹបថា «ណ្ហើយអ្នកកុំស្ដី កុំអោយអ្នកទាំង ៣នាក់ដឹងយើងត្រូវយកគ្នា ជាប្ដីប្រពន្ធហើយ យកប្រាក់នេះទៅចាយរកស៊ីស្រួលជាង អ្នកកុំធ្វើបាបខ្ញុំធ្វើអី » ។ អាចោរដូច្នេះក៏មិន ស្ដីខិតចូលទៅ ជិតលូកដៃអោបកៀកមេនោះថា «អើ ! ប្អូនឯងហៅប្រាជ្ញធំ បញ្ឆោតបងពីរដងហើយ ឥលូវបងបាននាងជាប្រពន្ធដោយសារ ព្រេងសំណាងយើង » និយាយហើយក៏អោបថើបៗ ។ មេនោះពុំប្រកែហើយថា « ខ្ញុំក្រែងអ្នកស្រលាញ់ខ្ញុំមិនស្មោះ ឯខ្ញុំស្រលាញ់អ្នកស្មោះចិត្តមួយហើយ»។

អាចោរនោះថា «បងស្រលាញ់ស្មោះហើយនាងពុំដឹងចិត្តបងចង់អោយបងស្បថ រឺអោយបងធ្វើម្ដេច ? » ។ មេនោះថា «បើស្រលាញ់ចិត្តមួយនឹងគ្នា មានតែលិទ្ធអណ្ដាតគ្នា » ទើបមេនោះលៀនអណ្ដាតហើយអោនទៅរកអាចោរនោះ។

ឯអាចោរលិទ្ធអណ្ដាតមេនោះ ហើយលៀនអណ្ដាតអោយមេនោះលិទ្ធវិញ។ មេនោះខាំអណ្ដាតអាចោរនោះ ដាច់អស់មួយកំណាត់ ហើយច្រានទំលាក់ពីលើចុងឈើធ្លាក់ដល់ដី ស្រែកលឺតែឡុលៗ។ ឯចោរ៣នាក់គិតស្មានថា នាយសំពៅចោមចាប់ ក៏លោតពីរមែកឈើរត់ទៅហើយ ស្រែកហៅគ្នាថា «វ៉ើយគ្នាយើងរត់នាយសំពៅដេញហើយ » ។ អាចោរដែលដាច់អណ្ដាតនោះស្រែកហៅគ្នាវាថា «មេនោះ នៅលើចុងឈើត្រូវមកចាប់ » ប៉ុន្ដែវាដាច់អណ្ដាត​ និយាយមិនច្បាស់លឺតែឡុលៗ គ្នាវាគិតស្មានថាគេដេញចាប់ចេះតែ រត់យកប្រាសអាយុរៀងៗខ្លួន ។

ឯមេនោះចុះពីលើចុងឈើយកប្រាក់ទៅផ្ទះអោយប្ដី នៅរកស៊ីជាមួយនឹងប្ដីជាសុខសប្បាយទៅ ។

No comments:

Post a Comment

google_ad_client="2572088314598094"; google_ad_host="6380765364"; google_ad_width=270;google_ad_height=240; google_ad_type="tex_image"; google_color_border="ffffff";google_color_bg="ffffff"; google_color_link="008000";google_page_url= "https://aksorsaskhmer.blogspot.com"//-->

Facebook

Search This Blog

Powered by Blogger.